ការការពារធនធានធម្មជាតិត្រូវជាប់ពន្ធនាគារ១០ឆ្នាំ? ដោះលែងពួកគេជាបន្ទាន់!

Imprisoned Mother Nature Cambodia activists © LICADHO

Nov 9, 2021

អង្គការ Rainforest Rescue, Stiftung Asienhaus និង FIAN កំពុងអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ឲ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង០៦នាក់។ ពួកគេ០៣នាក់ក្នុងចំណោម ០៦នាក់ត្រូវបានជាប់ឃុំឃាំងជាងមួយឆ្នាំរួចមកហើយ ទាក់ទងនឹងការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងឧក្រិដ្ឋកម្មធនធានធម្មជាតិ។ ឥឡូវនេះពួកគេកំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។

លោក ថុន រដ្ឋា រស់នៅជាមួយកូនប្រុសទើបនឹងកើតរបស់លោកបានរយៈពេល ០៦ខែប៉ុណ្ណោះ មុនពេលត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០។ ថុន រដ្ឋា ត្រូវបានជាប់ឃុំឃាំងតាំងពីពេលនោះមកជាមួយយុវតី ភួន កែវរស្មី និងឡុង គន្ធា។ នៅខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ សកម្មជនមាតាធម្មជាតិទាំង០៣នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ១៨ខែ ដល់ ២០ខែ ពី បទញុះញង់។ បទល្មើសរបស់ពួកគេ គឺកើតពីការធ្វើយុទ្ធនាការដោយសន្តិវីធីដើម្បីការពារបឹងតាមោកក្បែររាជធានីភ្នំពេញ។ បឹងមួយនេះត្រូវបានដាក់ចូលជាតំបន់ការពារនៅឆ្នាំ២០១៦ ប៉ុន្តែតាំងពីពេលនោះមកវាត្រូវបានចាក់បំពេញនិងកាត់ទៅឲ្យអ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ។ នៅខែមិថុនា ឆ្នាំ២០២១ សមាជិករបស់មាតាធម្មជាតិ ០៣នាក់ ផ្សេងទៀតត្រូវបានចាប់ខ្លួន។ លើកនេះពួកគេត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ យុវជន ស៊ុន រដ្ឋា, យីម លាងហ៊ី និង លី ចន្ទ្រដារ៉ាវុធ បានចុះទៅថតទឹកកខ្វក់ដែលកំពុងតែបង្ហូរចូលទន្លេមេគង្គ។ បច្ចុប្បន្ននេះពួកគេកំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ក្រោយមក ថុន រដ្ឋា, ភួន កែវរស្មី និង ឡុង គន្ធា ត្រូវបានចោទប្រកាន់បន្ថែមពី បទរួមគំនិតក្បត់ ផងដែរ។

លោក មី យូហា នៃអង្គការ Amnesty International ថ្លែងថា “ ការចោទប្រកាន់ដ៏ឃោរឃៅទាំងនេះ គឺជាការប៉ុនប៉ងបំបិទសំឡេង និងបំភិតបំភ័យមិនត្រឹមតែសកម្ម​ជនចលនាមាតាធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែយុវជនកម្ពុជាទាំងមូល ដែលហ៊ានក្រោកឈរដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌បរិស្ថាន។

ការសងសឹកចំពោះជនទាំងឡាយណា ដែលហ៊ានលាតត្រដាងការរំលោភបំពានជាសាធារណៈកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលសកម្មភាពរបស់ពួកគេមានឥទ្ធិពល និងជោគជ័យដូចក្រុមចលនាមាតាធម្មជាតិធ្វើកន្លងមក។

យើងខ្ញុំសូមអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងសកម្មជនបរិស្ថានជាបន្ទាន់។ ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងមិនមែនជាបទល្មើសទេ។

សូមចុះហត្ថលេខានៅក្នុងញត្តិជាភាសាអង់គ្លេសរបស់យើងដើម្បី អំពាវនាវឲ្យដោះលែងសកម្មជនបរិស្ថានដោយគ្មានលក្ខខណ្ឌ។ សូមបំពេញឈ្មោះនិងអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកនៅក្នុងប្រអប់ [First Name], [Last Name] និង [Email Address] ហើយរើសយក [Cambodia] ដែលនៅពីក្រោម [Country]។ សូមអរគុណ!


សាវតា

មាតាធម្មជាតិ គឺជាចលនាបរិស្ថានដែលមានឥទ្ធិពលបំផុតមួយក្នុងប្រទេសកម្ពុជា។ ក្រុមនេះត្រូវបានគេស្គាល់ដោយវីឌីអូដែលមានលក្ខណៈចង្អុលចំៗ និងមានភាពច្នៃប្រឌិតខ្ពស់ បង្ហោះលើបណ្តាញសង្គម ដែលទទួលបានការគាំទ្រពីប្រជាជនកម្ពុជារាប់លាននាក់។

សកម្មជនវ័យក្មេងរបស់ចលនាមាតាធម្មជាតិ តែងតែបានទទួលជោគជ័យជាមួយនឹងយុទ្ធនាការដ៏ល្បីល្បាញរបស់ពួកគេប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន។ ជាឧទាហរណ៍ជាក់ស្តែង ពួកគេបានទទួលជោគជ័យក្នុងការទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ដែលជាព្រៃដ៏ស្រស់ត្រកាល។ ពួកគេក៏បានបញ្ឈប់ការបូមយករ៉ែខ្សាច់សមុទ្រដែលមានលក្ខណៈបំផ្លាញទ្រង់ទ្រាយធំនៅភាគខាងលិចនៃប្រទេស។ ខ្សាច់ដែលត្រូវបាននាំចេញទៅប្រទេសសិង្ហបុរី ភាគច្រើនគឺខុសច្បាប់។ អង្គការ Rainforest Rescue បានគាំទ្រក្រុមនេះជាមួយញ្ញត្តិមុនៗដើម្បីលើកកម្ពស់ការយល់ដឹងជាអន្តរជាតិអំពីយុទ្ធនាការរបស់ចលនាមាតាធម្មជាតិ។

រដ្ឋាភិបាលមិនចង់ឲ្យមានការតាមដានពីសាធារណៈជន

សកម្មជនលាតត្រដាងនូវការបំផ្លិចបំផ្លាញបរិស្ថានរបស់រដ្ឋាភិបាលឲ្យជ្រាបទៅដល់ទស្សនិកជនយ៉ាងច្រើន ហើយពួកគេក៏មានឥទ្ធិពលលើមតិសាធារណៈផងដែរ។ ក្នុងរយៈពេល ១៣ខែ កន្លងទៅនេះ រដ្ឋាភិបាលបានចាត់ទុកពួកគេជាគោលដៅ និងបានបៀតបៀនពួកគេឥតឈប់ឈរ។ តួយ៉ាងនៅខែកញ្ញា ឆ្នាំ២០២០ យុវជន ថុន រដ្ឋា, ភួន កែវរស្មី និង ឡុង គន្ធា ត្រូវបានចាប់ខ្លួន។ នៅខែឧសភា ឆ្នាំ២០២១ ពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ១៨ខែ ទៅ ២០ខែ ពីបទញុះញង់ (មាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា)។ ពួកគេបានប្រកាសនៅលើបណ្តាញសង្គមថា នឹងផ្សាយផ្ទាល់ពីសកម្មភាពយុវជន ឡុង គន្ធា ដើរម្នាក់ឯងទៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញក្តីកង្វល់ពីការលុបបឹងតាមោក។

តំបន់ដីសើមបឹងតាមោក ស្ថិតក្នុងចំណោមបឹងទេសភាពដ៏ធំចុងក្រោយនៅជិតរាជធានីភ្នំពេញ។ ផ្ទៃបឹងទំហំ ៣,២៣៦ហិកតានេះ ត្រូវបានប្រកាសជាដីសាធារណៈរបស់រដ្ឋ និងដាក់ជាតំបន់ការពារ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។

បឹងនេះជាជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទ និងជាអាងស្តុកទឹកមួយ ដែលការពារមនុស្សរាប់លាននាក់ពីទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ប្រជាជនជាង ៣០០គ្រួសារពឹងផ្អែកទៅលើបឹងសម្រាប់ប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទត្រី និងដាំឈូកជាដើម។ បឹងតាមោកបម្រើមុខងារយ៉ាងសំខាន់សម្រាប់ប្រយោជន៍សាធារណៈ និងគួរតែត្រូវបានការពារដោយច្បាប់ ប៉ុន្តែផ្ទុយទៅវិញ វាកំពុងត្រូវបានកាត់ឆ្កៀល និងចាក់បំពេញឲ្យអ្នកវិនិយោគឯកជនក្រោមលេសអភិវឌ្ឍន៍។

ក្រសួងធនធានទឹកនិងឧតុនិយមថ្មីៗនេះ បានបង្ហាញការព្រួយបារម្ភអំពីផលអវិជ្ជមានកើតពីការលុបបឹង និងបានលើកឡើងពីទឹកជំនន់ក្នុងតំបន់នេះដែលកំពុងកើនឡើងយ៉ាងគំហុក។

  • នៅខែមិថុនា ឆ្នាំ២០២១ យុវជន ស៊ុន រដ្ឋា, យីម លាងហ៊ី និង លី ចន្ទ្រដារ៉ាវុធ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរួមគំនិតក្បត់ (តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ) ដែលអាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ស៊ុន រដ្ឋា និង យីម លាងហ៊ី ត្រូវបានចោទប្រកាន់បន្ថែមពីបទប្រមាថអង្គព្រះមហាក្សត្រ (មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ)។ “បទល្មើស” របស់ពួកគេគឺគ្រាន់តែចុះទៅថត និងប្រមូលយកទឹកកខ្វក់ដែលត្រូវបានបង្ហូរចូលទន្លេមេគង្គ។
  • បន្ទាប់ពីការចាប់ខ្លួននៅខែមិថុនា ឆ្នាំ២០២១ យុវជនថុន រដ្ឋា, ភួន កែវរស្មី និង ឡុង គន្ធាដែលត្រូវបានកាត់ទោសរួចមកហើយនោះ ត្រូវបានចោទប្រកាន់បន្ថែមពីបទរួមគំនិតក្បត់ (មាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ)។

ការគំរាមកំហែងនិងចាប់ខ្លួនកំពុងបន្តកើនឡើង

ក្រុមបរិស្ថាន និងសិទ្ធិមនុស្សមានក្តីបារម្ភជាខ្លាំងពីការវិវត្តន៍ស្ថានភាពនៅក្នុងប្រទេសកម្ពុជា។ ការបំផិតបំភ័យ និងបៀតបៀនសកម្មជន បានកើនឡើងជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ១៩ មកស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺនថែមទៀត។

ការប្រឆាំងនឹងចលនាមាតាធម្មជាតិ ដែលជាចលនាតែងតែធ្វើការយុទ្ធនាការដោយសន្តិវិធីក្នុងការការពារធនធានធម្មជាតិនិងសិទ្ធិរបស់សហគមន៍ក្នុងមូលដ្ឋាន មានលក្ខណៈធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ជាខ្លាំង។

មុននឹងរដ្ឋាភិបាលកម្ពុជាបានលុបឈ្មោះចេញពីបញ្ជីអង្គការក្រៅរដ្ឋាភិបាល កាលពីឆ្នាំ២០១៧ ក៏នៅតែមានការគាបសង្កត់ជាប្រចាំមកលើសមាជិកចលនាមាតាធម្មជាតិ។

គួរបញ្ជាក់ផងដែរថា ក្រៅពីសមាជិកចលនាមាតាធម្មជាតិទាំង ៦ នាក់ដែលជាប់ឃុំឃាំង មានអ្នកការពារសិទ្ធិមនុស្សកំពុងជាប់ពន្ធនាគារ ក្នុងនោះក៏មានមេដឹកនាំសហជីពដ៏លេចធ្លោម្នាក់ និងយុវជនសកម្មជាច្រើនអ្នកផ្សេងទៀត។

ប្រតិកម្មពីអន្តរជាតិ

អង្គការសិទ្ធិមនុស្សនិងសង្គមស៊ីវិលក្នុង និងក្រៅស្រុកជាច្រើន បានបង្ហាញពីសាមគ្គីភាពជាសាធារណៈ និងបានអំពាវនាវម្តងហើយម្តងទៀតឲ្យដោះលែងអ្នកជាប់ឃុំ។ អ្នករាយការណ៍ពិសេរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកអ្នកការពារសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះការចាប់ខ្លួននេះផងដែរ។ យុទ្ធនាការតាមអនឡាញមួយដែលធ្វើឡើងដោយអង្គការសង្គមស៊ីវិលក្នុងស្រុកនៅខែសីហា ឆ្នាំ២០២១ ក្នុងការគាំទ្រសកម្មជនដែលកំពុងឃុំឃាំងនោះត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសថាខុសច្បាប់ភ្លាមៗ។

ការចុះផ្សាយ និងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិលកម្ពុជា ស្តីពីការចាប់ខ្លួន និងការផ្តន្ទាទោសសកម្មជនទាំង ០៦ នាក់ ៖

United Nations entities concerned by arrest of environmental human rights defenders in Cambodia, UNOHCHR, 30 June 2021

Drop All Charges Against Mother Nature Activists, Release Imprisoned Rights Activists, Statement of 75 Cambodian CSOs, 22 June 2021

Cambodia: UN expert condemns conviction of three environmental rights defenders, urges their release, UNOHCHR, 7 May 2021

តំណភ្ជាប់ប្រព័ន្ធផ្សព្វផ្សាយ ៖

UN raises concerns over Combodia's detention of environmental activists

Jailed, in hiding, expelled: Cambodia’s Mother Nature crackdown  Al Jazeera (13 May 2021)

Mother Nature activists found guilty, jailed for planning one-woman march - CamboJa - 5 May 2021

Cambodia Charges Eco-Activists With Conspiracy, Royal Defamation The Diplomat 23 June 2021

Cambodia charges environment activists with insulting the king / BBC 23 June 2021